«ចង់ឆក់យកបេះដូងអតិថិជនឲ្យជាប់ ចូរប្រើរូបមន្តដ៏មានប្រសិទ្ធភាព3C»។ នេះជាការលើកឡើងដោយលោកសោម សម្បត្តិ ដែលជាស្ថាបនិកថ្នាំលាបពណ៌Cam-paint និង ជាវាគ្មិនដ៏មានវោហាសាស្រ្តម្នាក់ក្នុងប្រទេសកម្ពុជា។
រូបមន្តទី១គឺConvenience (ភាពងាយស្រួល)៖ អ្នកត្រូវផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើជំនួញជាមួយនឹងអ្នក មិនថាភាពងាយស្រួលក្នុងការកាម៉ុងឬយកទំនិញ ភាពងាយស្រួលក្នុងការទាក់ទងទៅផ្នែកលក់ ភាពងាយស្រួលក្នុងការទូទាត់លុយជាដើម។
រូបមន្តទី២គឺCaring (ការយកចិត្តទុកដាក់)៖ អ្នកត្រូវបង្ហាញថាអ្នកយកចិត្តទុកដាក់ដល់អតិថិជនរបស់អ្នកគ្រប់ពេលវេលា។ ឧទាហរណ៍ថាអ្នកតេទូរស័ព្ទសាកសួរតើអតិថិជនត្រូវការទំនិញអ្វីបន្ថែមទៀតទេ កុំរង់ចាំដល់អតិថិជនអស់ទំនិញហើយទាក់ទងមកអ្នក។ ដូច្នេះហើយ ក្នុងកាលៈទេសៈណាឬធ្វើអ្វីក៏ដោយ អ្នកត្រូវបង្ហាញពីការខ្វាយខ្វល់ដល់អតិថិជនជាការស្រេច។
រូបមន្តទី៣គឺ Cost (តម្លៃ)៖ ទំនិញរបស់អ្នកគួរតែសមរម្យទៅនឹងទីផ្សារ មានន័យថាមនុស្សភាគច្រើនមានសមត្ថភាពក្នុងការទិញទំនិញរបស់អ្នកបាន។ ម៉្យាងវិញទៀត តម្លៃនៃទំនិញរបស់អ្នកក៏ងាយស្រួលដល់អតិថិជនក្នុងការលក់ចេញបន្តផងដែរ។
សូមជម្រាបជូនថាសហគ្រិនជោគជ័យរូបនេះបានថ្លែងក្នុងសិក្ខាសាលាក្រោមប្រធានបទ«ជំនាញនៃការចរចា» ដែលប្រព្រឹត្តិនៅCJCCកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ដោយ៖ អឹុង មុយយូ
ប្រភព ៖ www.bizkhmer.com