បណ្តាញសង្គម នឹងវិវត្តទៅជាយ៉ាងណា ក្នុងពេលអនាគត? - Kohkong WShare

Breaking

Post Top Ad

Post Top Ad

Responsive Ads Here

បណ្តាញសង្គម នឹងវិវត្តទៅជាយ៉ាងណា ក្នុងពេលអនាគត?


អ្នកជំនាញក្នុងឧស្សាហកម្ម បណ្តាញសង្គម បានទស្សន៍ទាយថា នឹងមានការផ្លាស់ប្តូរ ទ្រង់ទ្រាយធំ ដោយសាររបត់សង្គម បានបែរទៅរកស្ថានភាពមួយ ដែលមនុស្សធ្វើការដើម្បីបណ្តាញសង្គម គឺមនុស្សជាផលិតផល របស់បណ្តាញសង្គម មិនមែនបណ្តាញសង្គម ធ្វើការបម្រើមនុស្សទៀតទេ។ ចាប់ពីឆ្នាំ២០១៧នេះ តទៅបណ្តាញសង្គម នឹងវិវត្តខ្លួន ក្នុងរបៀបដូចខាងក្រោមនេះ​៖

១/ ការផ្តោតលើទំនាក់ទំនង
បណ្តាញសង្គមមួយក្នុងចំណោម បណ្តាញសង្គមមុនគេគឺ Friendster ដែលផ្តោត​លើការបង្កើតមិត្ត និងរក្សាទំនាក់ទំនង​មិត្តភាព។ ក្នុងរបៀបនេះហើយ ដែលបណ្តាញសង្គមផ្សេងទៀត ដូចជា MySpace និង Facebook ជាដើម​ចាប់ផ្តើមកំណើត។ ទោះជាយ៉ាងណា ក្នុងពេលដែលបណ្តាញសង្គមទាំងនេះ វិវត្តខ្លួន គេចាប់ផ្តើមផ្តោតលើការរក្សាកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយក្រុមហ៊ុន កាន់តែខ្លាំងឡើង។

ទោះបីជាអ្នកអាចប្រកាសដំណឹងថ្មីៗ ដល់មនុស្សកាន់តែច្រើនឡើង ក៏វាលែងជាបណ្តាញសង្គម សម្រាប់អ្នកចែករំលែករូបកូន ឬរក្សាទំនាក់ទំនងជានិច្ចជាមួយ នឹងសមាជិកក្នុងគ្រួសារ និងមិត្តភក្តិជិតស្និទ្ធទៀតហើយ។ ដើម្បីដោះស្រាយបញ្ហានេះ បណ្តាញសង្គមត្រូវតែផ្តោតឡើងវិញ លើទំនាក់ទំនងតាមរយៈ ការយកចិត្តទុកដាក់ ជាលក្ខណៈបុគ្គល និងផ្ទាល់ខ្លួន ជាងរឿងពាណិជ្ជកម្ម។

២/ អ្នកប្រើប្រាស់នឹងត្រូវបង់លុយដើម្បីគ្មានការរំខាន
តើនរណានឹងចំណាយលុយ លើបទពិសោធន៍ ក្នុងបណ្តាញសង្គម នៅពេលដែលគេមិនធ្លាប់ចំណាយអ្វីសោះ រហូតមកដល់ពេលនេះ។ រឿងពីរយ៉ាង នឹងកើតឡើងមកផ្លាស់ប្តូរ ទម្លាប់នេះ។ ទីមួយ អ្នកប្រើប្រាស់ នឹងចង់បង្ហោះរូបថត វីដេអូ ឬសារសំឡេងរបស់ខ្លួន ដែលមានគុណភាពល្អ រក្សាទុកឱ្យកូនចៅជំនាន់ក្រោយ។  ទីពីរគឺការចង់បានកន្លែងដែលគ្មានការរំខាន ពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំណុចទាំងពីរនេះហើយ ដែលសេវាបណ្តាញសង្គមកម្រិតខ្ពស់ នឹងផ្តល់ជូន ហើយ​ជាសេវាដែលអ្នកត្រូវតែ បង់លុយទើបទទួលបាន។

៣/​ បង្កើនការយកចិត្តទុកដាក់លើភាពឯកជន
ក្តីបារម្ភចំពោះភាពឯកជន តាមលងបណ្តាញសង្គម តាំងពីពេលចាប់កំណើតមកម៉្លេះ ហើយរហូតមកដល់ពេលនេះ ក្តីបារម្ភនេះកាន់តែរីកធំឡើង។ ក្តីបារម្ភចំពោះ ការលេចធ្លាយរឿងផ្ទាល់ខ្លួន កំពុងតែកើតឡើង ព្រោះមនុស្សចាប់ផ្តើម​ដឹងរឿងលួច​ពត៌មាន កាន់តែច្រើនឡើងៗ។

៤/ បង្កើតមត៌កទុកឱ្យមនុស្សជំនាន់ក្រោយ
ក្រុមអ្នកជំនាញបានជជែកគ្នាយូរមកហើយថា អ្វីដែលគេសរសេរនិងបង្ហោះ លើអ៊ីនថឺណិត មិនអាចលុបចោលបានទេ វាមានភាពស្ថិតស្ថេរ ជាងសិលាចារឹកទៅទៀត។ អ្នកប្រើប្រាស់បណ្តាញសង្កម ចង់រក្សាកំណត់ត្រា នៃដំណើរជីវិត ប្រចាំថ្ងៃរបស់គេ។

បណ្តាញសង្គមដែលវៃឆ្លាត គួរតែដឹងថាការបង្ហោះរូបភាព ឬសារអ្វីមួយមិនមែនគ្រាន់តែជាសកម្មភាព មួយពេលដែលនឹងត្រូវបំភ្លេច ចោលក្នុងរយៈពេលពីរបីនាទី ក្រោយមនោះទេ។ អ្នកជំនាញបានហៅ ស្ថានភាពនេះថា ជាបញ្ហានៃការរក្សាទុកមត៌ក នៃរឿងរ៉ាវផ្ទាល់ខ្លួន។ ប្រសិនបើមនុស្សណាម្នាក់ចង់ចំណាយ ពេល២ម៉ោង ពិនិត្យមើលដំណើរជីវិតរបស់អ្នក តើអ្នកចង់ឱ្យគេឃើញអ្វីខ្លះ?

៥/ វីដេអូ វីដេអូ និងវីដេអូ
កាលពីចុងឆ្នាំ២០១៦ យើងឃើញការវិវឌ្ឍដ៏ធំមួយ ក្នុងវីដេអូបណ្តាញសង្គមនៅពេល Instagram បានបញ្ចេញកម្មវិធី Instagram Stories និងកម្មវិធី Instagram Live។ ចំណែកក្រុមហ៊ុន Facebook ក៏បានបញ្ចេញកម្មវិធី Facebook Live និងកម្មវិធី Messenger Day ដែរ។ លោក Jay Singh ជាCEO ក្រុមហ៊ុន PHL Venture Company កត់សម្គាល់ថា យើងនៅតែបន្តឃើញការផ្លាស់ប្តូរ ទៅរកការផ្សាយវីដេអូផ្ទាល់។ ស្របពេលជាមួយគ្នា ម៉ាស៊ីនថតក៏កាន់តែដើរតួនាទី សំខាន់ឡើងៗនិងមានសមត្ថភាព អាចឆ្លុះបញ្ចាំងស្ថានភាព ជីវិតមនុស្ស ក្នុងពេលជាក់ស្តែង។

ប្រែសម្រួល​៖ វេហា
ប្រភព​៖ Entrepreneur
http://store1.up-00.com/2017-08/150301927041241.png